KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដី​នៅ​បាត់ដំបង…ភូមិអំពិល៥ដើមជាភូមិ របស់ខ្មោចអនុប្រនាធិបតីក្រហម មិត្ត រស់ញឹម

RFA,ដោយ សួន សុផលមុន្នី

2012-01-06

សមត្ថ​កិច្ច​ប៉ូលិស​ខេត្ត​បាត់ដំបង បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ ៩​នាក់ ដែល​តុលាការ​ចោទ​ថា ​ជា​មេខ្លោង​ដឹកនាំ​អ្នក​ភូមិ​ជា​ច្រើន ព្រួត​គ្នា​វាយ​ដណ្តើម​យក​អាវុធ​វែង​ខ្លី​ចំនួន​បី​ដើម​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច ក្នុង​ហេតុការណ៍​អំពើ​ហិង្សា​មួយ​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច ស្ថិត​នៅ​ខេត្ត​បាត់ដំបង។

លោកស្រី ភឹម ភន រស់​នៅ​ភូមិ​បួរជុំ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង។ លោកស្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​មករា ឆ្នាំ​២០១២ ថា ប្តី​លោកស្រី​ឈ្មោះ ​ង៉ែត​ ភាព អាយុ ៣៤​ឆ្នាំ​ ត្រូវ​បាន​ សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ម្ដាយ​​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-​ជប៉ុន មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ។

លោកស្រី ភឹម ភន ថ្លែង​បន្ត​ថា៖ «សំណូមពរ​ឲ្យ​អង្គការ​ទាំង​អស់​ជួយ​ប្តី​ខ្ញុំ​ដែល​មិន​ដឹង​រឿង​អី​សោះ សូម​ឲ្យ​ជួយ​ប្តី​ខ្ញុំ និង​ខ្ញុំ កំពុង​ពូក​កណ្តាប់​ស្រូវ​ មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​នោះ​ទេ។ ប្តី​ខ្ញុំ និង​ខ្ញុំ​កំពុង​ពូក​កណ្តាប់​ស្រូវ​នៅ​ស្រែ​កៀន​ហ្នឹង​អ្ហែង​ សុំ​ជួយ​ដោះស្រាយ​​កុំ​យក​ប្តី​ខ្ញុំ​ទៅ​ដាក់​ទោស​អ៊ីចឹង អត់​ត្រូវ​ទេ​ច្បាប់»

អាជ្ញាធរ​បាន​ចោទ​ថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ក្រុម​អ្នក​ភូមិ​រហូត​មាន​ការ​រឹប​អូស​យក​អាវុធ​វែង​ខ្លី និង​ បាន​វាយ​កំទេច​រថយន្ត​ពីរ​គ្រឿង ​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​របស់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ គឺ​ធ្វើ​ឡើង ​ដោយសារ​មាន​ក្រុម​អ្នក​មាន​ដី​ធំៗ​ ញុះ​ញុង់​នៅ​ពីក្រោយ​ខ្នង។

លោក ទឹម ដារ៉េត អភិបាល​ស្រុក​បវេល បាន​ច្រាន​ចោល​ការ​បញ្ជាក់​អះអាង​របស់​អ្នក​ភូមិ។

លោក​ថ្លែង​ថា ​មេខ្លោង ៩​នាក់​ ដែល​នាំ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ រហូត​មាន​ប្រើ​អំពើ​ហិង្សា​នោះ ​ពួក​គេ​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «ចោរ​មិន​​ដែល​ប្រកាស​ខ្លួន​ថា​ចោរ​ទេ ​នេះ​ពាក្យ​សាមញ្ញ​របស់​ខ្មែរ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឃើញ​ព្រឹត្តិការណ៍​ជាក់​ស្តែង អ្នក​ចូល​រួម​ជាក់​ស្តែង ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​របស់​ខ្លួន​ចុះ។ ខ្ញុំ​ជម្រាប​ឲ្យ​ត្រង់​ ឈ្មោះ ​ង៉ែត​ ភាព នេះ​ឯង​ នៅ​រសៀល​ថ្ងៃ​ទី​៥  ខែ​ធ្នូ ឆ្នាំ​២០១១ មុន​ថ្ងៃ​កើត​ហេតុ​ បាន​ជួប​និយាយ​ជា​មួយ​ខ្ញុំ​ ខ្ញុំ​បាន​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គាត់​ពី​ដំណើរ​ការ​ដី​សម្បទាន​សង្គម​កិច្ច​ និង​ការ​ពាក់​ព័ន្ធ​ដី​របស់​បង​ប្អូន​គាត់​ហ្នឹង​ ម្តុំ​គាត់​យើង​ពន្យល់​គាត់​ឲ្យ​គាត់​យល់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ស្អែក​ឡើង​ទៅ​ជា​អ្នក​ដែល​មក​ឈរ​លើ​កន្លែង​កើត​ហេតុការណ៍ ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​អាក្រក់​កើត​ឡើង»

លោក ហេង សាយហុង មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង។ លោក ​បញ្ជាក់​ថា ​អង្គការ​លីកាដូ នឹង​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដល់​ក្រុម​អ្នក​ភូមិ​តាម​ផ្លូវ​ច្បាប់៖ «ប៉ុន្តែ​អ្វីៗ​សុទ្ធ​តែ​មាន​ហេតុផល​រៀងៗ​ខ្លួន​ បើ​សិន​ជា​គាត់​មិន​មាន​ការ​ប៉ះ​ពាល់​ដី​ធ្លី​របស់​គាត់ ក៏​គ្មាន​រឿង​រ៉ាវ​អី​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ហ្នឹង។ ត្រង់​ចំណុច​ហ្នឹង​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ គឺ​យើង​គ្មាន​ក្រៅ​ពី​រក​មេធាវី​ដើម្បី​ឲ្យ​ជួយ​ឲ្យ​គាត់​ ការ​ពារ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ ​អ្នក​ភូមិ​ជា​ច្រើ​នាក់​រស់​នៅ​​ភូមិ​ចំនួន​បី ក្នុង​ឃុំ​អំពិល​ប្រាំដើម ស្រុក​បេវេល​ ខេត្ត​បាត់ដំបង បាន​លើក​គ្នា​ប្រឆាំង​ទៅ​នឹង​ក្រុម​អាជ្ញាធរ​ចម្រុះ។ អាជ្ញាធរ​បាន​ដាក់​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​សាង​សង់​ផ្លូវ​ប៉ះ​ពាល់​លើ​ដី​ដំណាំ​ស្រូវ​របស់​គាត់។

ក្នុង​សកម្មភាព​នោះ ​ក្រុម​អ្នក​ភូមិ​បាន​វាយ​ដណ្តើម​យក​អាវុធ​ខ្លី វែង ចំនួន​បី​ដើម និង​សម្ភារៈ​មួយ​ចំនួន​ទៀត​យក​ទៅ​រក្សា​ទុក។ អាវុធ​វែង​ខ្លី​បី​ដើម ​ម៉ាស៊ី GPS មួយ​គ្រឿង ​និង​​សម្ភារៈ​មួយ​ចំនួន​ មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​ហ៊ាន​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​ទេ​ ដោយ​ខ្លាច​មាន​ការ​ចាប់​ខ្លួន។

រដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​យក​ដី​នៅ​តំបន់​នោះ​ទំហំ​ជិត​បួន​ពាន់​ហិកតារ ​ដាក់​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​អត់​ដី​ចំនួន ១.៧៣៦​គ្រួសារ ​និង​គ្រួសារ​យោធិន​ពលី​ពិការ​ចំនួន ២៥០​គ្រួសារ៕

Advertisements
%d bloggers like this: