KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

នរណា​ជា “វីរបុរស” ក្នុង​សង្គម​ខ្មែរ…គឺពូជជនលក់ជាតិនិងតម្កើងញាតិវា?

RFA ដោយ តាំង សារ៉ាដា, 2012-05-09
មជ្ឈដ្ឋានជាច្រើនមើលឃើញការឲ្យងារជនណាម្នាក់ជា វីរបុរស ហាក់នៅមានភាពស្ទាក់ស្ទើរពីសង្គមខ្មែរ។
ពាក្យថាវីរបុរសមានន័យថា គឺជាជនណាម្នាក់ដែលហ៊ានលះបង់ប្រយោជន៍របស់ខ្លួន ដើម្បីប្រយោ ជន៍ទូទៅសម្រាប់សហគមន៍ និងសង្គម ហើយដែលអ្នកផ្សេងធ្វើមិនដូច។សម្រាប់បរិបទប្រទេសកម្ពុជាវិញ គេឃើញមានមនុស្សជាច្រើន ដែលអាចចាត់ជាវីរបុរសបាន ប៉ុន្តែ ងារនេះនៅតែកប់ក្នុងបាតសង្គមដដែល។

មានមតិខ្លះលើកឡើងថា ភាពលំបាករបស់សង្គម ឬក្រុមមេដឹកនាំខ្មែរក្នុងការហៅងារនេះ គឺដោយ សារអ្នកទាំងនោះប្រកាន់នូវទស្សនៈទេវរាជាខ្លាំងពេក។

លទ្ធិទេវរាជានេះ មានបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។ ព្រះរាជាដែលគ្រងរាជ្យតែងអភិសេក ខ្លួនឯងអោយក្លាយជាទេវៈ ឬអាទិទេព ថ្វីត្បិតតែជួនកាលព្រះរាជាទាំងនោះ ខ្លះឡើងគ្រង រាជ្យតាម ការបង្ហូរឈាម ហើយមិនទាំងជាប់សែស្រឡាយព្រះញាតិវង្សក៏ដោយ។

សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មាន ប្រសាសន៍ថា វប្បធម៌របស់ខ្មែរមិនសូវមានការលើកតម្កើងអ្នកដទៃ គឺដោយសារមេដឹកនាំ សឹង គ្រប់ ជំនាន់មិនសូវមានចំណេះដឹង មេដឹកនាំដែលកើតចេញពីរដ្ឋប្រហារ ឬធ្វើបដិវត្តន៍។

លោកមានប្រសាសន៍បន្តថា នៅតាមបណ្ដាប្រទេសជឿនលឿន គេសង្កេតឃើញមេដឹកនាំនៃ ប្រ ទេស នោះតែងលើកតម្កើងអ្នកដែលហ៊ានលះបង់ សេចក្ដីសុខរបស់ ខ្លួន ដើម្បីសេចក្ដីសុខ នៃ មនុស្សភាគច្រើន ហើយមេដឹកនាំនៃប្រទេស ទាំងនោះថែមទាំងបានរក្សា ឬកសាងរូប សំណាក មនុស្សដែលមានឆន្ទៈ បែបនេះ ដាក់បង្ហាញតាមទីសាធារណៈ ដើម្បីទុកឲ្យក្មេង ជំនាន់ក្រោយ បាន ស្គាល់។

រហូតមកទល់ពេលនេះគេនៅមិនសូវឃើញមានរូបសំណាកនៃវីរបុរស ឬបុព្វបុរសខ្មែរដែលធ្លាប់មាន ស្នាដៃការពារសិទ្ធិ និងការពារទឹកដី ដាក់បង្ហាញតាមទីសាធារណៈនោះទេ។

លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា មេដឹកនាំខ្មែរសឹងគ្រប់ជំនាន់តែងកម្ទេចអ្វីដែលបន្សល់ទុក ហើយលើកបន្តុបនូវសមិទ្ធផលរបស់ខ្លួនជំនួស។ លោកបន្តថា កត្តាទាំងនេះគឺភាគច្រើនកើត ចេញ ពី ភាពច្រណែន និងខ្វះការជឿជាក់លើសមត្ថភាពរបស់ខ្លួន។

វីរជន ឬ វីរបុរស នេះត្រូវបានបែងចែកជាច្រើនផ្នែកដូចជា ខាងផ្នែកអក្សរសាស្ត្រ វប្បធម៌ នយោបាយ ការពារធនធានធម្មជាតិ អធិបតេយ្យភាព និងខាងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ។

ចំណែកសាស្ត្រាចារ្យខាងផ្នែកប្រវត្តិសាស្ត្រសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ពាក្យថា វីរជន ឬ វរជន មានន័យខុសគ្នា។ លោកពន្យល់ថា វីរជន ឬ វីរបុរស បានន័យថា ជាមនុស្សដែលមានឆន្ទៈអង់អាចក្លាហាន ធ្វើអ្វីមួយវិជ្ជមាន ដើម្បីប្រយោជន៍ជាតិ ហើយ ដែលមនុស្សដទៃធ្វើមិនដូច ហើយរីឯពាក្យថា វរជន វិញ មានន័យថា មនុស្សដែល មាន អំ ណាច បុណ្យស័ក្ដិខ្ពង់ខ្ពស់។ លោកបញ្ជាក់ថា ប្រសិនបើគ្មានក្រុមវីរជនទេ នោះក្រុមវរជនក៏មិនអាចកើត មានបានដែរ។

ទាំងលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា និង លោកសាស្ត្រាចារ្យ សុខ ទូច មានប្រសាសន៍ដូចគ្នាថា កម្ពុជាមានវីរជនជាច្រើនដែលគេមិនត្រូវរារែកក្នុងការឲ្យតម្លៃ អ្នកទាំងនោះជាវីរបុរសដូចជា លោក ជា វិជ្ជា សកម្មជនការពារសិទ្ធិកម្មករ និងលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ។

លោក សំបូរ មាណ្ណារ៉ា និង លោកបណ្ឌិត សុខ ទូច បានហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរ បុរស ដោយលោកជាអ្នកផ្សះផ្សាជាតិហើយនាំមកនូវសុខសន្តិភាពជូន ប្រជាពលរដ្ឋ។

ទោះបីជាយ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអ្នកចូលរួមក្នុងកិច្ច ការពារសិទ្ធិមនុស្សដែរនោះ បានច្រានចោលការវាយតម្លៃរបស់សាស្ត្រាចារ្យទាំងពីរនេះ។

លោកមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចចាត់ទុកថា ជាវីរបុរសបានទេ ពី ព្រោះការដឹកនាំរបស់លោកបានធ្វើអោយបាត់បង់សម្បត្តិធម្មជាតិ ពលរដ្ឋរងទុក្ខវេទនា សឹងទូ ទាំង ប្រទេសដោយគោលនយោបាយសម្បទានដី សេដ្ឋកិច្ច និងអំពើពុករលួយក្នុងសង្គម។

ជុំវិញភាពអល់អែកនៃសង្គមខ្មែរក្នុងហៅជនក្លាហានដ៏ឆ្នើមណា ម្នាក់ថាជាវីរបុរស នោះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានចូលរួមបកស្រាយថា ប្រទេសណាដែលគ្មានវីរបុរស ប្រទេសនោះ មិនអាច មានប្រវត្តិសាស្ត្ររបស់ខ្លួនបានឡើយ។

លោកបណ្ឌិត មានប្រសាសន៍ថា សង្គមកម្ពុជាគួររៀនសូត្រតាមបណ្ដាប្រទេសដែលមាន អារ្យ ធម៌ ជឿនលឿន ក្នុងការគោរព និងផ្ដល់តម្លៃដល់វីរជនរបស់គេ សូម្បីជននោះជាមនុស្សគ្មានអំណាច ក៏ ដោយ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍បន្តថា ការអនុវត្តគោលការណ៍លើកតម្កើងអ្នកមាន សមត្ថភាពប្រកបដោយសីលធម៌ និងសេចក្ដីថ្លៃថ្នូរឲ្យធ្វើធំ គួរចាប់ផ្ដើមចេញពីក្រុមសង្គមតូចជាមុន ដើម្បីបណ្ដុះផ្នត់គំនិតនេះដល់សង្គមទាំងមូល៕

Advertisements
%d bloggers like this: