KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ហ៊ុនសែន​អះអាង​ថាពុំ​មានភូមិ​ខ្មែរ​ណាមួយ​ត្រូវ​បាន​បាត់បង់​នោះ​ទេក្នុង​​ការ​​ខ័ណ្ឌ​សីម៉ា​​ព្រំដែន​​ជា​មួយ​​យួន

ហ៊ុន សែន បាន​​អះអាងនៅ​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍ នាព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១២ ថា រហូត​មកដល់​ពេល​នេះ ពុំមាន​ភូមិខ្មែរ​ណាមួ​យត្រូវ​បាន​​បាត់​​បង់​​​នោះ​​ទេ ហើយ​ថា នៅពេល​អនាគត​ផែនទី​ព្រំដែន​របស់​កម្ពុជា-យួន នឹង​ដូច​ជា​ធ្មេញ​រណារ ព្រោះ​ត្រូវ​ឆ្វៀល ដើម្បីរក្សាកា​រកាន់​កាប់របស់​ប្រជាជន​ទាំងសងខាង។ សម្តេច​តេជោ បាន​​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ខ័ណ្ឌស៊ីម៉ា​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម គឺ​ធ្វើ​ទៅ​តាម​សម្តេច​នរោត្តម ស៊ីហនុ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​បន្សល់​ទុក​ឲ្យ​។

​​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា ​​ការស្នេហា​ជាតិ​និង​ទឹក​ដី​នេះ​ ក៏​មិន​មែន​ជា​សិទ្ធិ​​ផ្តាច់​​មុខ​របស់​បុគ្គល​ ឬ​គណ​​បក្ស​នយោបាយ​ណា​មួយ​តែ​ម្នាក់​ឯង​នោះ​ទេ។ ​ប៉ុន្តែ​ផ្ទុយទៅ​វិញ​ការ​លើក​យក​បញ្ហានេះ​ មក​​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​ ដោយ​គ្មាន​កា​រ​ទទួល​​ខុស​​ត្រូវ​ ​ដើម្បី​បម្រើ​ផល​​ប្រយោជន៍​របស់​ក្រុម​បុគ្គល​ ឬ​គណ​បក្ស​របស់​ខ្លួន​តាមរយៈ​​មធ្យោ​បាយ​ប្រជា​ភិថុត ​ការ​ញុះ​ញង់​ ការ​បំផ្លើស​ ​និងកា​របង្កើត​ឱ្យ​មាន​ការភ័ន្ត​ច្រឡំ​លើ​បញ្ហា​ព្រំដែន​នៅ​ក្នុង​ចំណោម​​សាធារ​ណ​​​មតិ​​ជាតិ​ ​និងអន្តរ​ជាតិ ​អាច​នឹ​​ង​នាំ​មក​នូវគ្រោះ​ថ្នាក់​ដ៏​ធំធេង​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន​​។

​សម្តេច​តេជោ​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា យោងតាមបទពិសោធន៍​របស់​កម្ពុជាខ្លួន​ឯង​ផ្ទាល់​ និង​របស់​បណ្តាប្រទេស​ផ្សេងទៀតជាច្រើន​បាន​បង្ហាញ​ឱ្យឃើញថា ​ទង្វើ​ដោយគ្មាន​ការទទួល​ខុស​ត្រូវ​​(របស់​ក្រុម​ប្រឆាំង) បែបនេះ ​អាចនាំ​​មកនូវ​អរិភាព​ជាតិ​សាសន៍​ ​​បង្ក​ការ​ខូចខាត​ដល់​ទំនាក់​ទំនង​មិត្តភាព​ ​សហ​ប្រតិបត្តិ​ការ​ ​និងអ្នកជិត​ខាង​ល្អ​​រវាង​ប្រទេស​ជាប់​ព្រំ​ដែន​នឹងគ្នា ​ហើយ​ជា​រឿយៗ​អាច​នាំដល់​ការ​កើត​ឡើង​នូវជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​​ និងប្រទេស ​អស្ថិរភាព​ផ្ទៃ​ក្នុង​​ និងការ​បាត់​បង់​នូវផល​ប្រយោជន៍​សង្គម​​ សេដ្ឋ​កិច្ច​ជាច្រើន​​ផ្សេងទៀតរបស់​ប្រជាជន​ និង​ប្រជា​ជន ។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា ​ខាង​លើ​នេះ​គឺជា​មូលហេតុ​ចម្បង​​​ និង​សំខាន់​ជាងគេ​ដែល​ជំរុញ​ឱ្យខ្ញុំ​សម្រេច​ចិត្ត​ថា​ ត្រូវ​តែ​មកផ្តល់​ការ​បំភ្លឺ​ដោយ​ផ្ទាល់ក្នុងសម័យ​​ប្រជុំ​សភាលើក​នេះ ​នៅ​លើ​សំណួរ​​របស់​លោក ​សុន ឆ័យ​ ​(តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង)។

សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ថា ​មន្ត្រី​គណ​បក្ស​ប្រឆាំង​ចោទ​មក​លើ​រាជ​រដ្ឋា​ភិ​បាល​ថា ​ជាអាយ៉ង​របស់​វៀតណាម​​។ ​បញ្ហា​នេះ​សម្តេច​តេជោ​មាន​ប្រសាសន៍​​បន្តថា ​ចំពោះ​​បញ្ហា​ព្រំដែន​នៅពេល​នេះ ​បក​ស្រាយ​ឱ្យ​ច្បាស់​​រវាង​គណបក្សប្រឆាំង​ ជេរ​សម្តេច​ និង​រាជ​រដ្ឋា​ភិ​បា​ល​ថា ​ក្បត់​ជាតិ។ សម្តេច​​តេជោ​នាយ​ក​រដ្ឋ​មន្ត្រី​បាន​លើកឡើង​ថា ​រដ្ឋ​ប្រហារ​របស់​ លន់ ​នល់ ដែលទម្លាក់​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ គឺ​ពីបញ្ហា​ព្រំដែន ​ដែល​រូប​ភាពនេះត្រូវ​បាន​បក្សប្រឆាំង​យក​មក​ប្រើ​ដើម្បី​ផ្តួល​រំលំ​​រាជ​រដ្ឋាភិបាល​ ជាពិសេស​សម្តេច​តែ​ម្តង។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្រុម​បក្ស​ប្រឆាំងដែល​វាយ​ខ្ញុំ​ មិនខុស​អ្វីវាយ​សម្តេច​ព្រះ​នរោត្ត​ម ​​សីហនុ​ ទេ​ ពីព្រោះ​​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ គឺបន្សល់​ទុក​ពីសម័យ​សង្គម​រាស្ត្រ​និយម​ រួម​ទាំង​ផែន​​ទីគោក​ ​និង​ផែន​ទី​ទឹក​។ ​ខ្ញុំ​ជា​ហត្ថ​លេខី​មួយ​នៃ​កិច្ច​ព្រ​មព្រៀង​ទី​ក្រុង​ប៉ារីស ​ដូច្នេះ​ខ្ញុំ​យល់​ពីកិច្ច​ព្រម​ព្រៀង​​ ​ហើយ​សូម​កុំបក​ស្រាយ​បំពាន​។ ​ដូច្នេះ​សូម​លោក សុ​ន ឆ័យ​ ​​​និងសមាជិក​គណបក្ស​ប្រឆាំង​អត់​ធ្មត់​ស្តាប់ការ​បំភ្លឺ​ការពិត​របស់ខ្ញុំ ​ការបំភ្លឺ​របស់​​ខ្ញុំ​វា​មិន​ធ្ងន់ធ្ងរ ​ដូច​ពួក​របស់​លោក​ជេរ​ខ្ញុំ​ក្បត់​ជាតិ​នោះ​ទេ ។

នៅក្នុងការ​ធ្វើអត្ថា​ធិប្បាយ​រយៈពេល​ជាង៥​ម៉ោង ស្តីពីបញ្ហា​ខ័ណ្ឌស៊ីម៉ា​ព្រំដែន​កម្ពុជា-វៀត​ណាម នៅវិមាន​រដ្ឋសភា ដែលមាន​មហាជន​ក្នុង និងក្រៅ​ប្រទេស​ជាច្រើន​លាននាក់​បាន​តាម ដាន​ស្តាប់  និង​ទស្សនា​នោះ សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅពេល​ខាងមុខផែ​នទីព្រំដែន​របស់​យើង នឹងដូ​ចជាធ្មេញ​រណារ​អញ្ចឹង ព្រោះត្រូវឆ្វៀល​ដើម្បី​រក្សា​ការកាន់កាប់​របស់​ប្រជាជន​ទាំងសងខាង។

សម្តេចតេជោ​​​នាយក​រដ្ឋមន្ត្រី​​បានមាន​ប្រសាសន៍​លើក​​ឡើងថា ផ្ទៃ​ក្រឡា​​ប្រទេស​កម្ពុជា​​ពេល​នោះ​មាន​ភាព​ខុសគ្នា​​​ ក្នុង​នោះ​រួម​មាន​​​ ទន្ទេញ​ចាំ​មាត់​ ជន​រួម​ជាតិ​​​ទូទៅ ​​១៨១.០៣៥​គី​ឡូ​ម៉ែត្រ​​ក្រឡា​ ដែល​ត្រូវ​ប្រើប្រាស់​​​​បច្ចុប្បន្ន​​​​ ក៏ដូចជា​​​​ប្រើ​ប្រាស់​​ក្នុង​ប្រព័ន្ធ​អប់​រំ។ ​ដោយឡែក​​មន្ត្រី​​​បារាំង​បាន​ដាក់​ថា ១៧៥.៤៥០​គីឡូម៉ែត្រ​ការ៉េ​។ មន្ត្រី​បារាំង​​រាយ​ការណ៍​​ជូន​អគ្គ​​​ទេ​​សាភិបាល​នៅ​ឥណ្ឌូ​​ចិន​១៧៩.០០០​​ គីឡូ​​ម៉ែត្រ​​ការ៉េ​ ខុទ្ទកាល័យ​​អគ្គ​ទេសាភិបាល​​បារាំង​​​កំណត់​ឱ្យ​​​។ ដោយ​ឡែក​​​ចំពោះ​​​ផ្ទៃដី​​ថ្មី ​ដែល​អាជ្ញាធរ​​ជាតិ​កម្ពុជា​​​បង្ហាញ​ឱ្យ​ឃើញ​ផ្ទៃ​ដី​​ ១៨១​.៦០៦​គីឡូ​ម៉ែត្រ​ការ៉េ​ ដែល​​ជាផ្ទៃ​​ក្រឡា​ចុង​ក្រោយ​មិន​ទាន់​បញ្ចូល​ផ្ទៃ​កោះ​​តាម​សមុទ្រ​​នៅឡើយទេ​។

ទោះបី​យ៉ាង​ណាសម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​​​​ទៅ​បក្ស​ប្រឆាំង​ ​​ក៏​ដូច​ជា​​មជ្ឈដ្ឋាន​​ទូ​ទៅ​​ថា កុំ​ព្រួយ​បារម្ភ​​ រាជ​រដ្ឋា​ភិបាល​​ប្រើ​ផ្ទៃ​ដី​​បណ្តោះ​អាសន្ន​​ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ(ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ)។

ទាក់​ទិន​​ទៅនឹង​​​ភូមិ​របស់​ខ្មែរ​​ដែល​បក្ស​ប្រឆាំង​ថា មានការ​​​បាត់​បង់ សម្តេច​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា រហូត​មក​ដល់​​​ពេល​នេះ ​គ្មាន​ភូមិ​ខ្មែរ​​​ណា​មួយ​បាន​​​បាត់​បង់​​​នោះ​ទេ។ សម្តេច​តេ​ជោ​​​​បាន​លើក​ឡើង​​​​នូវ​​ជម្រើស​​​ពីរ​ដែល​​មិន​អាច​ទទួល​​យក​បាន​ ក្នុង​​ការ​កំណត់​​ភូមិ​ជាប់​ព្រំដែន​។ ជម្រើស​ទី​១ គឺ​យក​តាម​ផែន​ទី​ទាំង​ស្រុង​ បើ​ផែន​ទី​​​កាត់​ភូមិខ្មែរ​​ឱ្យ​ចូល​ទៅក្នុង​ទឹក​ដី​វៀតណាម​​​​ គឺ​កាត់​ឱ្យ​ទៅ​វៀត​ណាម​។ បើ​ខ្សែ​ផែន​ទី​​​កាត់​ភូមិ​វៀត​ណាម​​ចូល​ទឹក​ដី​ខ្មែរ​​គឺ​កាត់​ឱ្យ​​ខ្មែរតែម្តង។ ខ្មែរ​ក្លាយជា​​​វៀត​ណាម​ ឯ​វៀតណាម​ក្លាយ​ជា​ខ្មែរ​​។ ជម្រើស​ទី​២ បើភូមិខ្មែរ​​​ចូល​ទៅក្នុង​វៀត​ណាម​ត្រូវ​​​រើចេញ ហើយ​បើ​ភូមិ​វៀត​ណាម​ចូល​ដី​ខ្មែរ​​ត្រូវ​រើ​ចេញ។ ដូច្នេះ​​ជម្រើស​​ទាំង​​២​​​នេះ​មិ​ន​អាច​​ធ្វើ​ទៅ​បាន​ឡើយ។ ដោយ​ឡែក​​ជម្រើ​សទី​៣ ដែល​ភាគី​ទាំង​​២​បាន​ឯកភាពគឺ​​យោង​តាម​អនុស្សរណៈ​កាល​ពី​ថ្ងៃ​ទី​​២៣​ មេសា ឆ្នាំ​២០១១​ គឺ​បន្ត​​រក្សាស្ថាន​ភាពនៅ​ដដែល​​ស្តី​ពីការ​​គ្រប់​គ្រង​​​របស់​ប្រជាពលរដ្ឋ ​​នៅលើ​ផ្ទៃ​ដី​​​​​ស្រែចំការ​​របស់​​ពួកគាត់ ។

រដ្ឋា​ភិបាល​​​ប្រទេស​ទាំង​២​​ ធ្វើអនុស្សរណៈ​​នៃការ​យោគ​យល់​​​​ស្តី​ពីការ​កែ ​សម្រួល​​​ព្រំដែន​គោក​នៅ​តំបន់​ដែល​​​​នៅ​សេស​សល់​មួយ​ចំនួន​​​ ។ កិច្ច​ការ​នេះ​​ត្រូវ​​ធ្វើឡើង​​ដើម្បី​គោលដៅ​​បន្ត​ ដើម្បី​រក្សា​​ការគ្រប់​គ្រង​​​ភូមិករ ដី​ធ្លី ស្រែ​ចម្ការ ដែល​បាន​តាំង​ទីលំនៅ​បង្កបង្កើន​​ផល​ជាយូរ​ឆ្នាំ​មក​ហើយ​​​បន្ត​រស់​នៅ​​ និងបន្ត​កាន់​​កាប់​ដី​ធ្លី​​​ទាំង​នោះ ។

​សម្តេចតេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង​ក្របខណ្ឌ​នៃការងារ​​នេះ​​ នឹង​ត្រូវ​​ចុះ​សិក្សា​​​​​លំអិត​​​មុន​នឹង​ធ្វើការ​​​​ដោះ​ដូរ​គ្នា​ស្មើ​​ ទៅ​ស្មើ​​មក​​​ទៅតាមលក្ខណៈ​ភូមិសាស្ត្រ​​ និង​ស្ថាន​ភាព​​​ដី​ដោយ​យក​ខ្សែ​គូស​ចម្លង​​​​​​​ពីផែន​ទី​ខ្នាត​ ១/១០០.០០០ក្រុម​ភូមិសាស្ត្រ​​​ឥណ្ឌូចិន ​​មកលើ​​ផែន​ទី​UTMធ្វើជាគោល​​ ធ្វើជាមូល​ដ្ឋាន​​​ ស្រប​តាម​ការ​អនុញ្ញាតនៃ​សន្ធិសញ្ញា​បំពេញ​​បន្ថែម ។ គោលការណ៍​​នៅ​ទីនេះ​គឺធានា​ឱ្យ​បាន​ថា កម្ពុជា​​នឹង​មិនខាត​បង់​​​ ឬ​​បាត់​បង់​ដី​ឡើយ​ សូម្បី​តែ​មួយ​ម៉ែត្រ​​​ក្រឡា​ក៏​ដោយ ។ ទោះ​ជាមាន​គម្រោង​​ធ្វើការ​ដោះដូរ​​ក៏​ដោយ​ ក៏​យើង​​នៅ​រក្សា​​ផ្ទៃ​ដី​​សរុប​​ឱ្យ​នៅ​​ដដែល​​ព្រោះ​​វា​ជា​​ការ​ដោះ​ដូរ ​​​ស្មើ​​ទៅ​ស្មើ​​មក ពោលគឺ​មួយ​ហិកតា​​ទៅ​ត្រូវ​​​បានមួយ​​ហិកតាមកវិញ​​នៅក្នុង​ខេត្ត​ជាមួយ​គ្នា។ លើក​លែង​​តែ​ក្នុង​ករណី​​ក្នុង​ខេត្ត​ទាំង​​​នោះ​ពុំ​មាន​ដី​ដោះ​ដូរ​​​ ទើបអនុញ្ញាត​​ឱ្យ​ឆ្លង​​​ទៅដូរ​ជាមួយ​នឹង​ខេត្ត​ផ្សេង​ទៀត​​បាន ដើម្បី​ធ្វើ​​ការ​ទូទាត់​​គ្នា​ឱ្យ​បាន​​សើ្ម​ និង​គ្រប់ ។

សម្តេចតេ​ជោនាយ​ករដ្ឋមន្រ្តី​មានប្រសា​សន៍ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច្នេះ គ្មានអ្វីផ្ទុ​យនឹងច្បាប់​ជាតិក៏​ដូច​ជា​​ច្បាប់​អន្តរ​ជាតិ ដូចជា ប្រទេស​មួយចំនួន​ជាអាទ៍ ប្រទេស​វៀតណាម ជាមួយ​ប្រទេស​ចិន ប្រទេស​បារាំង ជាមួយ​ប្រទេស​ប៊ែលហ្ស៊ិក ប្រទេស​ប៊ែលហ្ស៊ីក ជាមួយ​ប្រទេស​អង់គ្លេស និង​ប្រទេស​ឆេក​ ជាមួយ​ស្លូវ៉ា បាន​ធ្វើរួច​ហើយ។ ពីព្រោះថា នេះជាម​រតក​ប្រវត្តិ​សាស្រ្ត ដែល​អនា​និគមបន្សល់​ទុកឲ្យ ហើយវា​ស្របទៅ​នឹង​គោលការណ៍ នៃការ​សម្រប​សម្រួលគ្នា ដែ​ល​ត្រូវ​​បាន​អនុវត្តជា​អន្តរជាតិ និងត្រូវបាន​លើកទឹកចិត្ត​ឲ្យអនុវត្ត​ដោយអង្គការ​សហប្រជាជាតិ និង​​តុលា​ការយុត្តិធម៌ អន្តរជាតិក្រុងឡាអេផងដែរ។

ពាក់ព័ន្ធជាមួយការវាស់វែងដីចេញចូលសម្រាប់ដោះដូរគ្នានេះ សម្តេច​តេជោ​បាន​ឲ្យ​ដឹង​ថា ជា​រួម​​ក្រុមកា​រ​ងារ​បច្ចេកទេសវាស់វែងផ្ទៃ ដីចេញចូលគ្នាទៅវិញទៅមកនេះបាន​ធ្វើ​ នៅគ្រប់​ខេត្ត​ទាំង១០ រួចហើយ ដែលក្នុងនោះមានខេត្តភាគច្រើននៅខាងកម្ពុជា បានធ្វើការ​វាស់វែង​ជា​ឯកតោភា​គី ដោយ​មិន​ទាន់​មានការទទួលស្គាល់ជាទ្វេភាគីនៅឡើយ លើកលែងតែខេត្តកំពង់​ចាម កំពត និងខេត្តតាកែវ ដែលក្រុមបច្ចេកទេសចម្រុះបានចុះហត្ថលេខាទទួលយកជា​ទ្វេភាគី​ហើយ ប៉ុន្តែប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ មិនទាន់បានអនុម័តទទួល​យក​កំណត់ហេតុនេះនៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា សរុប​ការវាស់​វែងផ្ទៃដី​ជិត​ចូល​គ្នាទូ​ទាំង​ខ្សែព្រំដែនកម្ពុជា​-វៀតណាមទាំងតួលេខដែលបានឯកភាពគ្នា ទាំង​តួលេខដែលមិនទាន់បានឯកភាពគ្នា ឃើញ ថា កម្ពុជា​គ្រប់​គ្រង​ចូល​ដីវៀតណាមមានចំនួនប្រមាណជាង ៩១៦ហិកតា រីឯវៀតណាម​គ្រប់​គ្រងចូលដីកម្ពុជា មានចំនួនប្រមាណជាង ២.១៦០ហិកតា។ ទៅពេល​អនាគត​បើតួលេខនេះ​ត្រូវ​បានទទួលស្គាល់ ដោយភាគីទាំងសងខាងជាតួលេខដាច់ខាតនោះ វៀតណាមត្រូវរកដី​សង​ឲ្យ​កម្ពុជាប្រមាណជាង ១.២៤៣ហិកតា ដែលនេះជាដំណោះស្រាយតាម MOU ឆ្នាំ ២០១១។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាសរុបកម្ពុជាចូលទៅវៀតណាម ៩១៦.៧ហិកតា ឯ វៀតណាមចូលមកយើងគឺ ២.១៦០,៦ ហិកតាដែលតួលេខនេះបង្ហាញថា វៀតណាមបានគ្រប់ គ្រងលើសកម្ពុជា ដែលត្រូវសងចំនួន ១.២៤៣ហិកតា ដែលជាចំណុចស្ថិតនៅ​ក្នុងដំណាក់​កាល​នៃការចរចា។

ពាក់ព័ន្ធជាមួយបញ្ហាព្រំដែនសមុទ្ទជាមួយ​វៀតណាមវិញ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា កម្ពុជាមានគោលដៅ បន្តឆ្​ពោះ​ទៅការ​កំណត់​ព្រំដែន​សមុទ្ទ ក្នុងឈូងសមុទ្ទសៀមបន្ថែមទៀត ដោយចាប់ផ្តើមចេញពីបង្គោលលេខ ៣១៤ ដែលជាបង្គោលព្រំដែនគោលរវាងកម្ពុជា-វៀត​ណាម​ ស្ថិតនៅក្នុងស្រុក កំពង់ ត្រាចខេត្តកំពត។

ដោយបាន​ធ្វើការបង្ហាញនៅលើផែនទីផង សម្តេចតេជោមានប្រសាសន៍ថា បង្គោលព្រំដែន​លេខ ៣១៤ មានសារសំខាន់ណាស់ព្រោះថា នៅក្នុងរូបភាពនៃជម្រើសខ្សែព្រំដែនណាមួយក៏​ដោយ ពោលគឺជម្រើសខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទាំងជម្រើសប្រើខ្សែសមចម្ងាយភាគីទាំង​ពី​រ​ចាំបាច់​​ត្រូវ​ធ្វើការចរចាគ្នា ដោយផ្តើមចេញពីចំណុចដីគោក ដើម្បីកំណត់ខ្សែព្រំដែនសមុទ្ទនៃ​ប្រទេ​ស​ទាំងពីរ។ សម្តេច​អគម​ហា​សេនា​បតី​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំសូម​លើក​ឡើងនូវជំហរដ៏ត្រឹមត្រូវ និងភ្លឺស្វាងមួយរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ដែល ព្រះ​អង្គបានបញ្ជាក់ក្នុងព្រះរាជសារចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ ផ្ញើ​ទៅ​ឯកឧត្តម ផាម វ៉ាន់ដុង អតីត​នាយក​រដ្ឋ​មន្ត្រី​​វៀតណាមថា «ក្នុង​ប្រវត្តិ​សាស្រ្តកម្ពុជា ទឹកដីកម្ពុជាក្រោមទាំង​មូល​​បានបាត់បង់ រួចទៅហើយ បន្ទាប់មកកោះត្រល់ ដែលវៀតណាមឲ្យឈ្មោះថា ភូគួក និង​កោះ​មួយចំនួន ដែលស្ថិតនៅភាគខាងត្បូងខ្សែបន្ទាត់ប្រេវីយេ  ក៏បន្តបាត់បង់ទៀត ដោយ​សា​រា​ចរ​របស់លោកអគ្គ ទេសាភិបាលបារាំង ថ្ងៃទី ៣១ ខែមករាឆ្នាំ ១៩៣៩ ។

សម្តេចតេជោថ្លែងបន្តថា កាលពីឆ្នាំ១៩៦៤ រាជរដ្ឋាភិបាលកម្ពុជានាពេលនោះ បានយក​ផែ​ន​ទី ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន​ ដោយផ្អែកតាមផែនទីបារាំងខ្នាត ១/៣០០ពាន់ ភ្ជាប់ជាមួយផែនទី ដីគោកទៅឲ្យអន្តរជាតិទទួលស្គាល់ និងបានតម្កល់ទុកនៅអង្គការ សហ​ប្រជា​ជាតិនោះ គឺយើងបានគូសខ្សែប្រេវីយ៉េជាព្រំដែនសមុទ្ទជាមួយវៀតណាមផងដែរ។ សម្តេច​តេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍ថា ផែនទី​ និងឯកសារទាំងអស់នេះហើយ ដែល​រាជរដ្ឋាភិបាលរបស់ខ្ញុំ អតីតរដ្ឋាភិបាលអតីតរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាល បច្ចុប្បន្នកំណត់ថា ជាព្រំ​ដែនបច្ចុប្បន្នរបស់កម្ពុជា។ ដូច្នេះហើយខ្ញុំយល់ឃើញថា សម័យកាលបច្ចុប្បន្នដែល​សក​ល​លោក​ទាំង​មូល​កំពុង​ស្វែង​រកការ​សម្រ​ប​សម្រួលអំពីព្រំដែន យើងគួរយកខ្សែ​ប្រេវីយ៉េ​នេះ ដើម្បីកំណត់ដែនខណ្ឌសីម៉ានៃសមុទ្ទរបស់ប្រទេសទាំងពីរ ដើម្បីទុកឲ្យកូនចៅជំនាន់​ក្រោយ​ទទួលបាននូវមរតកមួយដ៏ច្បាស់លាស់ សម្រាប់ការគ្រប់គ្រងអភិវឌ្ឍប្រទេសរៀងៗខ្លួន។

សម្តេច ហ៊ុន សែន ថ្លែងថា ចំណុចទាំងនេះ គឺជាព្រះរាជសាររបស់ព្រះករុណាអតីតព្រះមហា ក្សត្រ ផ្ញើទៅកាន់លោក ផាម វ៉ាន់ដុង ដោយចង់ឲ្យខ្សែព្រំដែននេះបានទទួលខ្សែព្រំដែន ប្រេវីយ៉េ​បន្តទៅទៀតឲ្យបានឆាប់ ហើយចង់ឲ្យមានការអនុវត្តន៍ឲ្យបានមុនឆ្នាំ២០០០ ទៅ​ទៀត។ សម្តេចតេជោបានលើកសំណួរថា តើអ្នកណាស្នេហាជាតិជាងសម្តេចឪ?។ ស៊ាន ប៉េងសែ ដែលមកចោទ ខ្ញុំថាជាមនុស្សក្បត់ជាតិ លក់ដីឲ្យគេ បាត់ដែនសមុទ្ទ ដែលកា​រ​ជេរ​នោះមានតម្លៃស្មើនឹងជេរសម្តេចព្រះនរោត្តម សីហនុ ព្រោះខ្ញុំធ្វើតាមសម្តេចឪទាំងអស់។

សម្តេចតេជោថ្លែងថា បង្គោលព្រំដែនដែលប្រទសទាំងពីរកម្ពុជា-វៀតណាមបាន និងកំពុងធ្វើ នេះ មិនត្រឹមតែជាកិច្ចការរួមធ្វើឡើង ដើម្បីសម្គាល់ការខណ្ឌចែកដែន​ទឹកដីរវាង​ព្រះរាជា​ណា​ចក្រកម្ពុជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយ​យ៉ាង​សំខាន់ ដែលនឹងផ្តល់ជាវិភាគទានមិនអាចកាត់ថ្លៃបាន ដល់កិច្ចការពារបូរណ​ភាពដែន​ដី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងរួម​ចំណែក​ដល់ការធានា​ដល់សុខ​សន្តិភាព ការជំរុញការលើកស្ទួយកំណើនសេដ្ឋកិច្ច ការអភិ​វឌ្ឍ​សង្គម ការលើកកម្ពស់ជីវ​ភាព​រស់​​នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា​ផង​ដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអះអាងអំពីការប្តេជ្ញាចិត្តដ៏ មោះមុតឥតងាករេរបស់​រាជរដ្ឋា​ភិបាល ក្នុងការបន្តពុះពារជំនះគ្រប់ឧបសគ្គ ដើម្បីបន្តដំណើរឆ្ពោះទៅសម្រេចឲ្យខាងតែបាន​នូវ​គោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនកម្ពុជា ដែលមានភាព​ច្បាស់​លាស់ត្រឹមត្រូវជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បី​ឧត្ត​ម​​ប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់តរៀងទៅ៕

អត្ថបទ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

Advertisements
%d bloggers like this: