KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រតិកម្ម​តប​សម្ដី​នាយក​រដ្ឋមន្ត្រី​លើ​បញ្ហា​ព្រំដែន

RFA ដោយ ម៉ម មុនីរតន៍

2012-08-10

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​លោក សឺន ស៊ូប៊ែរ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ហើយ​ថា​នេះ​គឺ​ជា​ការ​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ។

RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ភ្ជាប់​ព្រះនាម​របស់​ព្រះអង្គ​ក្នុង​រឿង​ព្រំដែន​ម្ដង​ជា​ពីរ​ម្ដង នៅ​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ចាត់​ទុក​ថា ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ទៅ​នឹង​បញ្ហា​ព្រំដែន​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ព្រះអង្គ។

លោក សឺន ស៊ូប៊ែរ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ លោក​ហៅ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​សភា​ថា គឺ​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក សឺន ស៊ូប៊ែរ អះអាង​ថា ព្រះ​នរោត្តម សីហនុ គឺ​ជា​ក្សត្រ​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​បូរណភាព​ទឹកដី។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​នេះ ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។

ការ​ប្រតិកម្ម​របស់​លោក សឺន ស៊ូប៊ែរ នៅ​ពេល​នេះ​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ខាង​គណបក្ស សម រង្ស៊ី ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​កិច្ច​ប្រជុំ​សភា។

ការ​ប្រើ​ពេល​វេលា​ឆ្លើយ​សំណួរ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ជាង​៥​ម៉ោង​នៅ​ក្នុង​សភា លោក ហ៊ុន សែន ចាត់​ទុក​អ្នក​ដែល​ព្យាយាម​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា ជន ថា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​គោល​បំណង​សំខាន់​ចង់​វាយ​ប្រហារ​ទៅ​លើ​ព្រះ​មហា​វីរក្សត្រ​ប៉ុណ្ណោះ។ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ហៅ​អ្នក​រិះគន់​បែប​នេះ​ថា ជា​ក្រុម​កាក​សំណល់​ពី​សម័យ​សាធារណរដ្ឋ ហើយ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ក្នុង​អតីតកាល។

ព្រះអង្គ​ម្ចាស់​ធម្មិកោ ទី​ប្រឹក្សា​ព្រះ​មហាក្សត្រ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ចេតនា​នៃ​ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ក្នុង​រឿង​ព្រំដែន​នេះ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ ស្ដី​បន្ទោស​ថា ការ​បង្កើត​ឲ្យ​មាន​ភាព​សាំញ៉ាំ និង​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​រឿង​ព្រំដែន​សម្រាប់​កម្ពុជា​នេះ គឺ​ជា​កំហុស​ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មិន​ប្រើប្រាស់​អំណាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​កាល​នោះ របប​រដ្ឋ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​នោះ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ចាត់​ទុក​ថា​នេះ​ទំនង​ជា​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ធ្វើ​ជា​ខែល ក្នុង​ការ​បង្ហាញ​ចំពោះ​ភាព​ចម្រូងចម្រាស​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ៕

Advertisements
%d bloggers like this: